ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានណែនាំឱ្យបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ តាមរយៈការសិក្សារៀបចំកម្ម វិធីបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ។ ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអនុវត្តប្រព័ន្ធ គ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានច្បាស់លាស់ ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្ត គោល នយោបាយ ដោយត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស អនុលោមភាព តាម ឧត្តមានុវត្តន៍អន្តរជាតិ និង ពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត ទាំងរដ្ឋ និង ឯកជន ក្នុងការគ្រប់គ្រងប្រតិបត្តិការ ការបម្រើសេវា ព្រមទាំងការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ និងការព្យាបាល ជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។
លើសពីនេះសម្តេចមហាបវរធិបតី ណែនាំក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ បុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និង ខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីលើក កម្ពស់ ការផ្តល់សេវាសុខាភិបាលផ្នែកព្យាបាលជំងឺមហារីក ឱ្យកាន់តែមានភាព ប្រកួតប្រជែង ខ្ពស់។
ទន្ទឹមគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួ មមានក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដោយសារម្ហូបអាហារ និងបានណែនាំក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឱ្យសហការជំរុញការផ្សព្វផ្សាយអប់រំដល់សាធារណជន ជាពិសេសតាមសាលារៀន អំពីវិធីបង្ការ និងជៀសវាងកត្តាដែលបង្កើនហានិភ័យជំងឺមហារីក ទាំងការបរិភោគ និងសកម្មភាពប្រចាំថ្ងៃ ៕