សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។
ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕