ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក នេត្រ ភក្រ្ដា៖ កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ
ថ្ងៃទី ៖ 09-08-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានប្រសាសន៍ថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។

លោក នេត្រ ភក្រ្ដា គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦ នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។ នៅពីក្រោយតួលេខទាំងនេះ គឺជាជីវិតមនុស្សពិតប្រាកដ។ គឺជាម្តាយដែលមិនអាចនាំកូនត្រឡប់ទៅផ្ទះបាន។ គឺជាកុមារដែលមិនអាចត្រឡប់ទៅសាលារៀនរបស់ខ្លួនបាន។ គឺជាគ្រួសារដែលបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរ និងជីវភាពប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាបញ្ហាតួលេខទេ ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្ស មនុស្សធម៌ និងការទទួលខុសត្រូវ។ ស្ត្រី និងកុមារគឺជាក្រុមដែលត្រូវទទួលបានការការពារជាពិសេសក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសំណួរដែលត្រូវឆ្លើយនៅពេលនេះគឺ៖ ហេតុអ្វីបានជាស្ត្រី និងកុមារកម្ពុជារាប់ពាន់នាក់ទាំងនេះ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ? មូលហេតុគឺដោយសារនៅតំបន់មួយចំនួន យោធាថៃបានដាក់កុងតឺន័រ រាយលួសបន្លា បិទផ្លូវចូលទៅកាន់ភូមិដ្ឋាន ខណៈផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនត្រូវបានបំផ្លាញ។ ឧបសគ្គទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាបន្តរស់នៅក្នុងស្ថានភាពភៀសសឹក ទោះបីការប្រយុទ្ធបានបញ្ឈប់អស់រយៈពេលជាច្រើនខែមកហើយក៏ដោយ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងយ៉ាងច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅកាន់ផ្ទះ និងសហគមន៍របស់ពួកគេវិញ ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ ភាគីថៃអាចជជែក ឬព្យាយាមបដិសេធអំពីចំនួនជនភៀសសឹក ប៉ុន្តែមិនអាចបដិសេធអត្ថិភាពនៃជនភៀសសឹកបានឡើយ។

ជាក់ស្តែង សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ និងយោធាថៃខ្លួនឯងក៏បានទទួលស្គាល់ថា មានប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ដូច្នេះ ការជជែកអំពីតួលេខមិនអាចក្លាយជាលេសសម្រាប់ការពន្យារពេលសិទ្ធិរបស់មនុស្សបានឡើយ។ បើភាគីថៃទទួលស្គាល់ថា មានប្រជាពលរដ្ឋកម្ពុជាដែលនៅតែស្ថិតក្នុងស្ថានភាពភៀសសឹក នោះសំណួរសំខាន់មិនមែនថា «មានប៉ុន្មាននាក់?» ទៀតទេ។ សំណួរដែលត្រូវឆ្លើយគឺ៖ តើពេលណាពួកគេអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ? ហើយតើអ្វីកំពុងរារាំងពួកគេមិនឱ្យត្រឡប់ទៅវិញ? ការឆ្លើយតបត្រូវតែជាសកម្មភាពជាក់ស្តែង។ ត្រូវគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្ស និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការបង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងភូមិដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ យោធាថៃមិនអាចយក ផែនទីឯកតោភាគី ដែលរៀបចំឡើងដោយខ្លួនឯង មកធ្វើជាមូលដ្ឋានសម្រាប់ប្រើកម្លាំង ចូលកាន់កាប់ ឬព្យាយាមកែប្រែស្ថានភាពព្រំដែនជាក់ស្តែងបានឡើយ។

ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ មិនមែនជាខ្សែបន្ទាត់ដែលភាគីណាមួយអាចគូសឡើងដោយឯកតោភាគី ឬផ្លាស់ប្តូរតាមកម្លាំងយោធាបានទេ។ ខ្សែបន្ទាត់ព្រំដែនមានមូលដ្ឋានលើសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង ផែនទី និងកំណត់ហេតុពាក់ព័ន្ធនឹងការកំណត់ និងការបោះបង្គោលព្រំដែនដែលភាគីទាំងពីរត្រូវគោរពតាមច្បាប់អន្តរជាតិ និងយន្តការដែលបានព្រមព្រៀងគ្នា។ គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិគឺច្បាស់លាស់៖ មិនអាចប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី ឬបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីបានឡើយ។ អ្វីដែលមិនអាចសម្រេចបានតាមច្បាប់ ក៏មិនអាចធ្វើឱ្យស្របច្បាប់តាមរយៈកម្លាំងយោធាបានដែរ។ កម្ពុជាមិនទទួលស្គាល់ និងមិនអាចទទួលយកខ្សែបន្ទាត់ព្រំដែនណាមួយដែលត្រូវបានបង្កើត ឬកែប្រែដោយការប្រើកម្លាំង ការដាក់របាំង ឬសកម្មភាពឯកតោភាគីឡើយ។

កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែបន្ទាត់ព្រំដែន។ ការដាក់កម្លាំងយោធាមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។ ហើយផែនទីឯកតោភាគីមិនអាចជំនួសសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិបានទេ។ ប្រសិនបើភាគីថៃពិតជាគោរពសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និងសន្តិភាព ដូចដែលខ្លួនបានអះអាង នោះត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង៖ បង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋកម្ពុជាដែលនៅសេសសល់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ហើយដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា មិនមែនតាមរយៈការប្រើកម្លាំង ឬការបង្កើតអង្គហេតុថ្មីនៅលើដី fait accompli នោះទេ។ សន្តិភាពពិតប្រាកដមិនត្រូវវាស់ត្រឹមតែដោយភាពស្ងប់ស្ងាត់នៃកាំភ្លើងទេ។ សន្តិភាពត្រូវវាស់ដោយការដែលស្ត្រី កុមារ និងគ្រួសារជនភៀសសឹកអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com