ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មឥដ្ឋលេខ១៣ របស់ប្រាសាទភ្នំបាខែង ដំណាក់កាលទី២
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 25 Views
                     
សៀមរាបៈ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) នាទិសខាងត្បូងរបស់ប្រាសាទភ្នំបាខែង ក្នុងដំណាក់ទី២ ចាប់ពីផ្នែកខាងលើផ្តែរ រហូតដល់កំពូល មានចំនួន៣រួត ប្រវែងសរុបប្រមាណ៧ម៉ែត្រ។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។

អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីផ្នែកខាងលើរបស់ផ្តែរនៃតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) រហូតទៅដល់កំពូលគឺមានបញ្ហារលុះឥដ្ឋខូចខាតធ្ងន់ធ្ងរ បណ្តាលមកពីកត្តាអាយុកាល កត្តាធម្មជាតិ និងអាកាសធាតុ ដោយបង្កឱ្យមានកំណកដី ឥដ្ឋពុកផុយបាត់បង់ល្បាក់ក្បាច់ផ្សេងៗរបស់ប្រាសាទ។ លើសពីនេះ ជញ្ជាំងផ្នែកខាងត្បូងចាប់ពីរួតទី២ បានរលុះបាក់ទាំងស្រុង។

រីឯផ្នែកខាងក្នុងនៃតួប៉ម ឥដ្ឋពុកផុយងាយនឹងរលុះឥដ្ឋផងដែរ។ បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុលសង្គ្រោះតួប៉មឥដ្ឋនេះ ដោយជួសជុលផ្ទៃជញ្ជាំងរបស់រួតនីមួយៗរហូតទៅដល់កំពូលឱ្យរឹងមាំជាមុនសិន មុននឹងឈានដល់ការជួសជុលនៅផ្នែកខាងក្នុងជាបន្តទៀត។

កិច្ចការជួសជុល ក្រុមការងារបានសម្អាតកំណកដីនៅតាមផ្នែកដែលពុកផុយពីមួយស្រទាប់ទៅមួយស្រទាប់ និងជួសជុលពង្រឹងនៅតាមចំណុចផ្ទៃជញ្ជាំងឥដ្ឋដែលហែកក្រៀក។

ចំពោះផ្នែកដែលបាត់បង់ទ្រង់ទ្រាយដើម ហើយចាំបាច់សម្រាប់ទ្ររចនាសម្ព័ន្ធខាងលើ គឺជួសជុលប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងតាមគំរូដើមដែលនៅសេសសល់ មកបំពេញទីតាំងដែលបាត់បង់ឱ្យមានលក្ខណៈពេញលេញ មានសោភ័ណភាព រឹងមាំ គង់វង្សយូរអង្វែងបន្តទៀត។

អ្នកស្រី ឈុន រតនា បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារបានជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង សម្រេចបាន៦០ភាគរយហើយ។

ចំណែកផ្នែកដែលនៅសេសសល់ គឺក្រុមការងារបន្តជួសជុលដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ពីព្រោះផ្នែកដែលនៅសេសសល់បានរងការខូចខាតធ្ងន់ធ្ងរ ដូចជាបាត់បង់ស្លាកស្នាម រូបរាងដើម និងល្បាក់ក្បាច់ផង។ ហេតុនេះហើយ ការងារជួសជុលត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់បំផុត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com