សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម៤.០ តាមរយៈការកែលម្អវេទិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និងការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន និងការបង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ, បរិវត្តកម្មបច្ចេកវិទ្យា, និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល។ សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និងបន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្ដូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និងកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋ ឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សារបស់សិស្សនិស្សិត។
ដោយត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន សម្រាប់ជំរុញការបណ្ដុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា៕