ថ្លែងក្នុងកិច្ចប្រជុំណែនាំការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុង និងទីប្រជុំជន កាលពីព្រឹកថ្ងៃទី០៣ សីហា ២០២៦ លោក សាយ សំអាល់ ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ផ្តើមចេញពីថ្ងៃនេះ យើងចូលរួមទាំងអស់គ្នាដោយប្រើស្ថាបត្យកម្មក្នុងការរៀបចំក្រុង និងទីប្រជុំជនរបស់យើងឱ្យជាទីក្រុងសហសម័យ មានសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ស្របតាមសក្ដានុពល និងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគត ដោយបង្កើតដង្ហើមសេដ្ឋកិច្ច និងបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
សូមគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញនិងណែនាំអំពីគម្រោងសំខាន់ៗមួយចំនួន រួមមាន៖ - ការកសាងប្លង់គោល ផែនការប្រើប្រាស់ដី និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន - គម្រោងរៀបចំសោភណភាពមហាវិថីសម្តេចធិបតី និងប្រព័ន្ធភស្តុភារកម្មផ្លូវដែកនៅកម្ពុជា - គម្រោងកែលម្អសោភណភាពមហាវិថីហាណូយ មហាវិថីព្រះមុនីវង្ស ការដោះស្រាយប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ការរៀបចំវត្តអារាមនៅកម្ពុជា និងគម្រោងសាងសង់ អគារទីស្តីការក្រសួងមហាផ្ទៃ - គម្រោងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ - គម្រោងកែលម្អសាលារៀននៅកម្ពុជា៕