លោក ស៊ុន មេសា អ្នកពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញរបស់ក្រសួងការងារ បានចុះទៅកាន់ទីតាំងរោងចក្រផ្ទាល់ ដើម្បីសាកសួរ ប្រមូលព័ត៌មាន និងសម្របសម្រួលដោះស្រាយជាមួយភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ស្របតាមនីតិវិធីច្បាប់ការងារជាធរមាន។
បើតាមអ្នកនាំពាក្យថា បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបន្តប្រមូលព័ត៌មាន និងពិនិត្យលើសំណើរបស់ភាគីពាក់ព័ន្ធ មុននឹងចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ជារួម គឺយើងមិនដែលមើលរំលងបញ្ហារបស់បងប្អូនកម្មករនិយោជិតនោះទេ មន្រ្តីជំនាញនឹងព្យាយាមដោះស្រាយបានឆាប់រហ័សឱ្យបានទាន់ពេលវេលា។
លោកបញ្ជាក់ថា ក្រសួងការងារ តែងតែយកចិត្តទុកដាក់លើការដោះស្រាយវិវាទការងារដោយឈរលើគោលការណ៍សន្ទនា ការគោរពច្បាប់ និងការការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរកដំណោះស្រាយដែលអាចទទួលយកបាន។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យកម្មករនិយោជិត និងភាគីពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំនាញ ក្នុងការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការដោះស្រាយប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីច្បាប់៕