ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល ប្រកបដោយក្តីនឹករលឹក។
លោកជំទាវបានបង្ហាញនូវជំនឿចិត្តស្នូលរបស់សមាគម គឺ “ជីវភាពខ្វះខាត កង្វះខាតផ្នែកថវិកា ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ។” យុវជនមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ បណ្តុះបណ្តាល ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនាពេលអនាគតសម្រាប់ជាតិ។ លោកជំទាវបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំជំរុញឱ្យមានកិច្ចសហការរវាងសមាគម និង ក្រសួង នេះឡើង សំដៅលើកកម្ពស់សមត្ថភាពដល់យុវជនជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់តាំងពីឆ្នាំ២០០៨ មក ក្រសួងបានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្ស-និស្សិត សំដៅលើកកម្ពស់មូលធនមនុស្សនៅកម្ពុជា ស្របតាមអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាងនេះទៅទៀត ក្រសួងក៏បានជួយ និងផ្តល់អាហារូបករណ៍ដល់ សិស្ស-និស្សិត ដែលជាកូនចៅសាច់ញាតិរបស់វីរយុទ្ធជនជួរមុខឱ្យបានបន្តការសិក្សារៀនសូត្រ ព្រមទាំងបានជួយឱ្យសិស្ស-និស្សិតដែលត្រឡប់ចូលប្រទេសវិញឱ្យបានបន្តការសិក្សា ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលឡើយ៕