លោក ហុង ជៀប នាយកប្រតិបត្តិធនាគារCIMB បានថ្លែងនៅក្នុងពិធីនោះថា គម្រោង «ឧទ្យានអង្គរ - សុីអាយអិមប៊ី» ដំណាក់កាលទី១បានចាប់ផ្តើមតាំងពីឆ្នាំ២០២៤ មកម៉្លេះហើយដំណាក់កាលទី២ ដែលមានរយៈពេល២ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB នឹងសហការគ្នាដាំកូនឈើ នៅលើផ្ទៃដីទំហំ ៥ហិកតាបន្ថែមទៀត ក្នុងឧទ្យានអង្គរ ឱ្យបានយ៉ាងហោចណាស់ ៥ពាន់ដើមទៀត។
កិច្ចសហការដាំកូនឈើរវាងអាជ្ញាធរជាតិអប្សរាជាមួយធនាគារ CIMB នេះ មិនត្រឹមតែជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការរួមចំណែកក្នុងការលើកស្ទួយបរិស្ថាន ការរួមគ្នាជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជួយលើកកម្ពស់ទេសភាពវប្បធម៌របស់អង្គរផងដែរ។ ធនាគារ CIMB បានបង្ហាញមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលបានរួមដំណើរជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជួយលើកកម្ពស់បរិស្ថាន និងការជួយដល់ការអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
លោក Shaharuddin Onn ឯកអគ្គរាជទូត ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានថ្លែងអបអរសាទរចំពោះធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ដែលបានបន្តកិច្ចសហការរួមគ្នា លើគម្រោងដាំកូនឈើ ក្នុងឧទ្យានអង្គរ ដំណាក់កាលទី២។
លោក បានចាត់ទុកកិច្ចសហការនេះ គឺជាគម្រោងដ៏ប្រសើរជួយដល់ការងារអភិរក្ស និងថែរក្សាអង្គរ។ ជាមួយគ្នានេះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងប្រទេសម៉ាឡេស៊ី ដែលបានគាំទ្រលើការងារដាំកូនឈើនៅតំបន់អង្គរ តាមរយៈសកម្មភាពដែល លោកឯកអគ្គរាជទូតបានអញ្ជើញមកចូលរួមដាំកូនឈើដោយផ្ទាល់ចំនួន៣ឆ្នាំជាប់ៗគ្នាមកនេះ។
លោក យិត ចាន់ដារដ្ឋ ក៏បានលើកឡើងថា ការចូលរួមដាំកូនឈើនៅតំបន់អង្គរ មានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយដល់សហគមន៍មូលដ្ឋាន និងទេសចរជាតិ-អន្តរជាតិ ក្នុងការរស់នៅ និងដើរកម្សាន្ត បង្កើតបានជាសួនព្រៃធម្មជាតិដ៏ទាក់ទាញ កាត់បន្ថយផ្សែងពុលនៅក្នុងបរិយាកាស ហើយពិសេសជាងនេះ ព្រៃឈើ ក៏ជួយរក្សាប្រភពទឹកក្រោមដី និងជារបាំងធម្មជាតិ ដើម្បីការពារគ្រឹះ និងថ្មប្រាសាទបុរាណ មិនឱ្យស្រុតបាក់ និងខូចខាតផងដែរ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន និងដៃគូនានា រួមបញ្ចូលទាំងធនាគារ CIMB ដាំ និងចែកកូនឈើ បានប្រមាណ ៣លានដើម នៅតំបន់អង្គរ បេតិកភណ្ឌពិភពលោក៕