ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ស.ច.ណ ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះបានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន ហើយទទួលបានប្រាក់កម្រៃពីអំពើទុច្ចរិតនេះ។
ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់លេខទូរសព្ទ និងគណនីធនាគារនោះជាមធ្យោបាយទទួលផលបទល្មើស នៃអំពើឆបោកប្រាក់របស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋាន ក្រើនរំលឹកដល់សារធារណជន សូមកុំផ្ដល់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនឱ្យទៅជនដែលមិនស្គាល់ប្រភពច្បាស់លាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ដែលអាចនឹងត្រូវប្រឈមមុខទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕