ក្នុងឱកាសចុះពិនិត្យទំបន់វារីអគ្គិសនី កំចាយ លោក កែវ រតនៈ គូសបញ្ជាក់ថា គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទទួលបានថែទាំពីរាជរដ្ឋាភិបាល គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦៥ ដែលត្រូវបានធ្វើឱ្យក្លាយជាការពិតដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តការពារ និងថែទាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
គម្រោងវារីអគ្គិសនីកំចាយ គឺជាប្រវត្តិសាស្ត្រមួយដែលបានឆ្លងកាត់ការសិក្សាជាច្រើនលើកច្រើនសារ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមពីអ្នកជំនាញជប៉ុន (OTCA/JICA) គណៈកម្មការទន្លេមេគង្គ និងអតីតសហភាពសូវៀត។ ទោះជាយ៉ាងណា គម្រោងនេះបានអាក់ខានដោយសារសង្គ្រាម និងវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ១៩៩៧។
ក្រោយមក សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមគម្រោងនេះឡើងវិញ តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន Sinohydro Corporation របស់ចិន រហូតសម្រេចបានការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០១២ ដោយមានអនុភាពដំឡើងដល់ ១៩៤.១ មេហ្គាវ៉ាត់។
គម្រោងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីស្អាតជាង ៦៣% នៃថាមពលអគ្គិសនីសរុបរបស់កម្ពុជា។ ក្រៅពីនេះ វារីអគ្គិសនីកំចាយក៏បានជួយកាត់បន្ថយហានិភ័យទឹកជំនន់នៅក្រុងកំពត និងរក្សាបានលំហូរទឹកធម្មជាតិល្អសម្រាប់ទន្លេទឹកឈូសក្នុងរដូវប្រាំង ព្រមទាំងជាប្រភពស្តុកទឹកស្អាតសម្រាប់ខេត្តកំពតផងដែរ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងនេះនៅតែបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។
ទោះបីជាមានការវិវត្តន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមាត់ព្រែកក្រោយឆ្នាំ២០១២ ដែលអាចបង្កហានិភ័យខ្លះៗក៏ដោយ ក៏ក្រុមការងារនៅតែបន្តសហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តកំពត ដើម្បីដាក់ចេញនូវវិធានការពិសេស ដូចជាការជូនដំណឹងជាមុនមុននឹងបើកទ្វារទឹក ដើម្បីធានាបាននូវសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋខេត្តកំពត៕