ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអុីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោបានស្វាគមន៍ហើយអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចសង្ឃឹមថា ក្នុងនាមលោកជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជានិងអ៊ីរ៉ង់កាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចចង់ឃើញការពង្រីកនូវពាណិជ្ជកម្មសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម។
នៅក្នុងឱកាសនោះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួប ជូនសារតាំងនៅក្នុងឱកាសនេះ។
លោកបានលើកឡើងថា ឯកឧត្តមបានស្គាល់សម្ដេចតេជោតាមរយៈការបញ្ជាក់អំពីជំហរនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ឲ្យកាន់តែមានភាពសកម្ម និងកាន់តែរីកចម្រើន៕