កម្ពុជាក៏បានបញ្ជាក់យ៉ាងធ្ងន់ថា កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ដោយដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ហើយថែមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋថៃ មុនពេលការកំណត់ព្រំដែនរួមត្រូវបានបញ្ចប់។ តំណាងកម្ពុជាបានហៅសកម្មភាពទាំងនេះថាជាការបង្កើត faits accomplis ឬការបង្កើតស្ថានភាពថ្មីនៅលើដីដោយឯកតោភាគី។ នេះជាចំណុចដែលថៃត្រូវឆ្លើយ។ បើថៃពិតជាគោរពបទឈប់បាញ់ ហេតុអ្វីប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? បើថៃពិតជាចង់ដោះស្រាយព្រំដែនដោយសន្តិវិធី ហេតុអ្វីត្រូវដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មី មុនការកំណត់ព្រំដែនរួម? ការគ្មានស្នូរកាំភ្លើង មិនមែនជាអាជ្ញាបណ្ណសម្រាប់បន្តបង្កើតស្ថានភាពថ្មីនៅលើដីទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែន។
កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ វត្តមានយោធាមិនមែនជាប័ណ្ណកម្មសិទ្ធិលើអធិបតេយ្យភាព។ ហើយការបង្កើត fait accompli ដោយឯកតោភាគី មិនអាចជំនួសការកំណត់ព្រំដែនតាមច្បាប់បានឡើយ។ អ្វីដែលធ្វើឱ្យសាររបស់កម្ពុជានៅទីក្រុងហ្សឺណែវកាន់តែមានទម្ងន់ គឺបញ្ហានេះត្រូវបានដាក់ក្នុង វិមាត្រសិទ្ធិមនុស្ស (Human Rights Dimension)៖ នៅពីក្រោយលួសបន្លា និងកុងតឺន័រ គឺមានគ្រួសារកម្ពុជាដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះ មានកុមារដែលត្រូវត្រឡប់ទៅសាលារៀន និងមានប្រជាពលរដ្ឋដែលមានសិទ្ធិវិលត្រឡប់ទៅរកជីវិតធម្មតារបស់ខ្លួន។
សូម្បីតែបេសកជនពិសេស UN Thomas Andrews ក៏បានរាយការណ៍ពីការមើលឃើញរបាំង និងលួសបន្លានៅតំបន់ព្រំដែន និងបានសង្កត់ធ្ងន់លើសិទ្ធិរបស់ជនផ្លាស់ទីក្នុងការវិលត្រឡប់ទៅផ្ទះ។ ដូច្នេះ សារពីកម្ពុជាទៅកាន់ថៃ និងសហគមន៍អន្តរជាតិគួរតែច្បាស់៖ «បទឈប់បាញ់ត្រូវបញ្ឈប់ទាំងគ្រាប់កាំភ្លើង និងការបង្កើតស្ថានភាពថ្មីនៅលើដី។ សន្តិភាពពិតប្រាកដមិនមែនគ្រាន់តែគ្មានការបាញ់ប្រហារ ប៉ុន្តែត្រូវឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះ និងត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ កម្លាំងអាចបង្កើតស្ថានភាពបណ្តោះអាសន្នលើដី ប៉ុន្តែមិនអាចបម្លែងស្ថានភាពនោះទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ»៕