ក្រោយទទួលបានព័ត៌មាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលភ្លាមៗ និងបានដោះស្រាយសះជាសំណើចំនួន ៣ចំណុច ពាក់ព័ន្ធនឹងការបើកប្រាក់ថ្លៃបាយពេលធ្វើការថែមម៉ោង ការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការគណនាឡើងវិញនូវប្រាក់ឈ្នួល និងតម្លៃបុងប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត។
ដោយឡែក សំណើនៅសល់ពាក់ព័ន្ធនឹងការស្នើឱ្យក្រុមហ៊ុនបញ្ឈប់ជំនួយការផ្នែកទំនាក់ទំនងវិជ្ជាជីវៈម្នាក់ពីការងារ ដោយសារការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើបណ្ដាញសង្គមហ្វេសប៊ុក មន្ត្រីជំនាញក្រសួង និងអាជ្ញាធរមូលដ្ឋាន កំពុងបន្តជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។
ក្រសួងអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ៕