ការប្រគល់ជូននេះធ្វើឡើងបន្ទាប់ពីសិស្សមកពីគ្រួសារវីរកងទ័ពពលី បានបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ផ្នែកឆុងកាហ្វេ និងដុតនំ ព្រមទាំងជំនាញសេវាកម្មសម្អាងកាយ ក្នុងរយៈពេល ៦ខែ ដោយទទួលបានការស្នាក់នៅ និងឧបត្ថម្ភថវិកាប្រចាំខែចំនួន ១លានរៀលផងដែរ។ ការប្រគល់ថវិកា ម៉ាស៊ីនកិនកាហ្វេ និងសម្ភារៈសេវាកម្មសម្អាងកាយទាំងនេះធ្វើឡើងក្នុងគោលបំណងជួយឱ្យក្មួយៗ និងប្អូនៗជាសិស្សមកពីគ្រួសារវីរកងទ័ពពលីអាចចាប់ផ្តើមប្រកបមុខរបរដោយខ្លួនឯងផ្ទាល់ ជាមួយនឹងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលក្នុងកម្មវិធី TVET ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោករដ្ឋមន្ត្រីបានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារវីរកងទ័ពពលី ព្រមទាំងកងទ័ពនៅសមរភូមិមុខ៕