ប្រាប់អ្នកសារព័ត៌មានក្រោយឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។
លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។»
លោកបានលើកឡើងថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។
ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Brian D. McFeeters នូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា។
សម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។
សម្ដេចសង្ឃឹមថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង។
សម្ដេចតេជោបានលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។
សម្ដេច ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើងហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕