ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET
ថ្ងៃទី ៖ 20-07-2026, ដោយ​​ Dara007 , 40 Views
                     
កំពតៈ លោករដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារ និង សម្រាប់កសាងអនាគត លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចំនួន ៥១៤អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យសរុប ២ ២០៨នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចាប់យកការសិក្សាជំនាញ TVET ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ ៩០% ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យសិស្ស-និស្សិតបន្តរៀនសូត្រពេញមួយជីវិត ជាពិសេសពង្រឹងជំនាញទន់ បង្កើនជំនាញនិងផ្លាស់ប្តូរជំនាញ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាលបន្តគាំទ្រកូនចៅឱ្យជ្រើសរើសការសិក្សាជំនាញ TVET សម្រាប់កសាងអនាគត និងលើកកម្ពស់ជីវភាពគ្រួសារ។

លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពតកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្សព្វផ្សាយ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ព្រមទាំងការតភ្ជាប់អ្នកសិក្សាទៅកាន់ឱកាសការងារជាក់ស្តែង ស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ លោក ហេង សួរ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ TVET និងជំរុញការអនុវត្តកម្មវិធី TVET ១,៥លានឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាព ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ក្នុងឱកាសនេះដែរ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានផ្ដាំផ្ញើដល់សិស្ស-និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង ជំនាញ និងសញ្ញាបត្រដែលទទួលបាន ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការប្រកបការងារ ដោយបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនឯង គ្រួសារ អង្គភាព និងសង្គមជាតិ។

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com