ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន SF Holding Co., Ltd. ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីកឈានមុខគេមួយនៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្នូលផ្តោតលើសេវាដឹកជញ្ជូនរហ័ស និងទំនិញធុនធ្ងន់ (Express & Freight), ភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics), សេវាដឹកជញ្ជូនទាន់ចិត្តក្នុងទីក្រុង (Intra-City On-Demand Delivery), រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់, និងសេវាកម្មលក្ខណៈអន្តរជាតិ (Supply Chain & International)។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានបំណងពង្រីកការវិនិយោគបន្ថែមមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ផ្អែកលើការសិក្សាស្រាវជ្រាវអំពីសមត្ថភាពភស្តុភារកម្មនៅកម្ពុជា រួមផ្សំនឹងការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ចិន-កម្ពុជា, ក្រុមហ៊ុន SF Holding មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន SF Holding និងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។
ទន្ទឹមនឹងនេះ, សម្តេចធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ (Connectivity) នៃបណ្តាញដឹកជញ្ជូនទាំងផ្លូវគោក, ផ្លូវអាកាស និងផ្លូវសមុទ្រ ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។
សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវល្បឿនលឿនបន្ថែម, ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក និងកសាងព្រែកជីក ដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន SF Holding បន្តទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់បន្ថែម និងឈានទៅចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕