បទបង្ហាញនេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាច្រើនរូបទៀត។
សូមជម្រាបជូនថា បទបង្ហាញនេះមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់អំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌទាំងនោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
ដោយឡែក វត្តមានរបស់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាននឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងយល់ស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោក បានបន្ថែមថា CMAC បាននិងកំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស្របតាមគោលដៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើសកម្មភាពចាំបាច់ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន បន្សល់ទុកគ្រាប់ជាច្រើន ដូចជាសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុគីមី អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ជាដើម។ សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕