ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនចិន នឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
ថ្ងៃទី ៖ 16-07-2026, ដោយ​​ Dara007 , 34 Views
                     
ចិនៈ ក្រុមហ៊ុនចិន នឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការដ៏ល្អ និងការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។

លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាបានផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។

ដោយឡែក, នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យសក្ដានុពលបន្ថែមទៀតនៅកម្ពុជា។

ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ, កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះ, កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។

ជាមួយគ្នានោះ, សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com