ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុន CRCC គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ថ្ងៃទី ៖ 16-07-2026, ដោយ​​ Dara007 , 45 Views
                     
ចិនៈ ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ក្រោយសម្រេចនូវគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត​ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Railway Construction Corporation (CRCC) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។

លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុន CRCC បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយបានសម្រេចនូវគម្រោងសំខាន់ៗជាច្រើន រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។

ជាមួយគ្នានេះ, ក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រយ៉ាងល្អប្រសើរ ដែលជាកត្តាជំរុញឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា។

លើសពីនេះទៅទៀត, លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation) ផងដែរ។

ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការអបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅលើឆាកអន្តរជាតិ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងគម្រោងធំៗនៅកម្ពុជា ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគ។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។

ជាក់ស្តែង, ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើន ទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍ និងពង្រឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកផងដែរ។

ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីក្តាប់យកឱកាស និងប្រែក្លាយគម្រោងពង្រីកការវិនិយោគទាំងនោះឱ្យលេចចេញជារូបរាងជាក់ស្តែងនាពេលអនាគត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com