ប្រាប់អ្នកសារព័ត៌មានក្រោយក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ជាមួយលោកSultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលប្រារព្ធឡើងនៅពេលនេះ។ លោកក៏បានកោតសរសើរពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានោះ លោកក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ អំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា។
លោកក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ សន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោក។
ដោយឡែកចំពោះក្របខណ្ឌទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងឥណ្ឌូនេស៊ី ក៏មានការពង្រឹងបន្ថែមទៀតផងដែរ។
ហើយអ្វីដែលជាការកត់សម្គាល់នោះ ភាគីទាំងពីរក៏បានជជែកទៅលើទំនាក់ទំនងនៃការបង្កើតវេទិកាព្រឹទ្ធសភារបស់អាស៊ាន តែកន្លងមកក៏ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផងដែរ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះលោកប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ និងអរគុណចំពោះការវាយតម្លៃ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា។ លោកក៏បានកោតសរសើរចំពោះការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា និងជូនពរឱ្យសន្និសីទទទួលបាននូវភាពជោគជ័យ៕