ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​ជាង​៧០០​ត្រូវ​បាន​បោសសម្អាត​ កម្ពុជា​ពុំមាន​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៀត​ទេ
ថ្ងៃទី ៖ 28-08-2026, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលេខាធិការដ្ឋានគ.ប.ឆ.ប. បានលាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត ៥០ ប្រចាំកម្ពុជា ថាបច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង ការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងការបង្កើតក្របខ័ណ្ឌច្បាប់សាយប័រជាប្រព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារកិច្ចសហការ និងឆន្ទៈនយោបាយពិតប្រាកដកម្រិតសកលក្នុងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។

ការថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់តំណាងអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជា ចំនួនប្រមាណ៥០នាក់ ដែលបានចូលរួមកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំដែលមានការចូលរួមលើកជាសំណួរយ៉ាងផុលផុសពីសំណាក់តំណាងអង្គទូតបរទេសជាមួយការឆ្លើយតបជូនវិញភ្លាមៗ លោកបានបង្ហាញទិន្នន័យលម្អិតថា សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវប្រមូលភស្តុតាងនៅទីតាំងបទល្មើសចំនួន ១៦៩ កន្លែងបន្ថែមទៀត ដែលជនល្មើសបានបោះបង់ចោល និងបានគេចខ្លួន។ ចំពោះវិធានការចំពោះជនប្រព្រឹត្តល្មើសច្បាប់ សមត្ថកិច្ចកម្ពុជាបានជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសសរុប ៥៨,២៦៦ នាក់ ក្នុងនោះស្រី្ត ៧,២៨២ នាក់ ដោយក្នុងនោះមាន ២២,០៤៥ នាក់ (៣៨ សញ្ជាតិ) ជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងវិធានការបណ្តេញចេញ យន្តការផ្លូវច្បាប់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះមុខសញ្ញាស្នូល ដោយសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុប ៤០៨ ករណី។

ផ្អែកលើនីតិវិធីតុលាការ មុខសញ្ញាសង្ស័យចំនួន ៣,៤៧៧ នាក់ មាន ២៩ សញ្ជាតិ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយក្នុងនោះរួមមានជនជាតិចិន បង់ក្លាដែស វៀតណាម ម៉ាយ៉ាន់ម៉ា ខ្មែរ ឡាវ ម៉ាឡេស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ យ៉េមែន ស្វីស អេហ្វ្រីកខាងត្បូង កេនយ៉ា កាមេរូន ម៉ារ៉ុក ស្រីលង្កា នេប៉ាល់ កែកហ្ស៊ីស្ថាន អូស្ត្រាលី អ៊ុយក្រែន បារាំង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។

ដោយឡែក សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥ នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។ ជាការពិត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាការគំរាមកំហែងសកលដ៏ស្មុគស្មាញ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងជនរងគ្រោះជាច្រើនរាប់ទាំងកម្ពុជាផង។ ពួកឧក្រិដ្ឋជនតែងតែបម្លាស់ទី និងផ្លាស់ប្តូរវិធីសាស្ត្របច្ចេកវិទ្យាយ៉ាងរហ័សក្នុងប្រតិបត្តិការឆបោក។ 

ទោះជាយ៉ាងណា សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សកម្មភាពឆបោកទ្រង់ទ្រាយធំត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង។ បច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង។

លោកបានបញ្ជាក់ប្រាប់អង្គប្រជុំថា មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង ខណៈវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ត្រូវបានអនុវត្តលើមុខសញ្ញាឧក្រិដ្ឋជន និងមន្ត្រីពាក់ព័ន្ធ។ ជាក់ស្តែង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់វិធានការលើសំណុំរឿងចំនួន ៤ ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១៥ នាក់ ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីអនុវត្តច្បាប់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ទោះបីទីតាំងធំៗត្រូវបានបោសសម្អាតទាំងស្រុង ក្រុមឧក្រិដ្ឋជនបានប្តូរយុទ្ធសាស្ត្រមកធ្វើសកម្មភាពបែកចែកតូចៗ ដោយលួចលាក់តាមផ្ទះសំណាក់ ខុនដូ ផ្ទះជួល រថយន្ត និងហាងកាហ្វេ ដែលសមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបមិនបង្អង់ដៃ ដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) បាន និងកំពុងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបង្ក្រាបកាស៊ីណូចំនួន ២៧ ក្នុងនោះ ដកហូតអាជ្ញាបណ្ណ ១៨ កាស៊ីណូ និង ព្យួរអាជ្ញាបណ្ណ ៩ កាស៊ីណូ។ ទន្ទឹមនេះ សមត្ថកិច្ច បាន និងកំពុង​ត្រួត​ពិនិត្យ​ និង​មាន​វិធាន​ការ​ម៉ឺងម៉ាត់តាមច្បាប់ ចំពោះ​កាស៊ីណូ​ប្រព្រឹត្ត​សកម្មភាព​ល្បែង​ស៊ីសង​ ភ្នាល់​ តាម​អនឡាញ (Online Gambling ឬ Online Sport Betting ) ​។

នាឱកាសនោះដែរ លោកបានជម្រាបជូនអង្គប្រជុំទាំងមូលដែរថា ទន្ទឹមនឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបាននិងកំពុងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិបន្ថែមទៀត រួមមានសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ, សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសកម្មនិម្មិត ជាដើម។ ការកសាង និងពង្រឹងច្បាប់ជាប្រព័ន្ធនេះដ៏រឹងមាំនេះ ស្តែងពីឆន្ទៈនយោបាយ និងភាពបុរេសកម្មរបស់កម្ពុជា ក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសទាំងនេះមិនឱ្យកើតឡើងនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច-សង្គម។

លោកបានជម្រាបជូនតំណាងអង្គទូតថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នាចំពោះការគំរាមកំហែងជាសកលនេះ។

លោកបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្ម ព្រោះការប្រយុទ្ធប្រឆាំងបទល្មើសសកលនេះ ទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង ខណៈការខកខានរបស់ភាគីណាមួយ នឹងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហារួមនេះ។

លោកបានគូសបញ្ជាក់ថា កម្ពុជាបន្តបើកចំហជានិច្ចចំពោះគ្រប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសឆបោកអនឡាញវិលត្រឡប់មកវិញ និងដើម្បីលើកកម្ពស់តួនាទីកម្ពុជាក្នុងការរួមចំណែកកាន់តែខ្លាំងខ្លាថែមទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ និងនៅលើពិភពលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com