ក្នុងឱកាសអញ្ជើញជាអធិបតីពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបណ្តាប្រទេសអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះប្រធាន និងអនុប្រធានសភាប្រតិភូជាតិ និងអន្ដរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ តាមការអញ្ជើញរបស់កម្ពុជា។
សម្តេចតេជោសង្ឃឹមយ៉ាងម៉ុតមាំថា ស្មារតីនៃកិច្ចសន្ទនាមិត្ដភាព សាមគ្គីភាព និងសហប្រតិបត្ដិការដែលបង្ហាញនៅក្នុងសន្និសីទនេះ និងបន្ដពង្រឹងនូវទំនាក់ទំនងប្រធាន និងអនុប្រធានសភា និងប្រទេសកម្ពុជា ដើម្បីរួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយ ដែលមានសន្ដិភាព ស្ថិរភាព យុត្ដិធម៌ និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។
ទន្ទឹមនឹងនេះសម្តេចតេជោបានបញ្ជាក់ថា កិច្ចពិភ្សានាពេលនេះ គឺបានផ្ដល់ឱកាសឱ្យយើងដ៏ល្អមួយ ដើម្បីបន្ដពង្រឹងនូវទំនុកចិត្ដ ចំណងមិត្ដភាពជិតស្និតរវាងគ្នា ក្នុងបរិយាកាសដ៏កក់ក្ដៅ និងស្និតស្នាលផងដែរ៕