ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រីតថេន និងកម្ពុជា ដោយលោកជំទាវបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាប្រពៃណី និងយូរអង្វែងជាមួយគ្នា។
ទន្ទឹមនឹងនេះ, លោកស្រីក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា កម្ពុជា គឺជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ ក្នុងតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
បន្ថែមលើនេះ, លោកស្រីបានសម្តែងនូវការពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ សំដៅគាំទ្រគ្នាទៅវិញទៅមក និងជាផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ខណៈពេលដែលប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលអាចរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ក្នុងឱកាសនោះដែរ លោកជំទាវបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅដោយសារជម្លោះនេះផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលព្រីតថេន ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅព្រីតថេន។
សម្ដេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកជំទាវមកកាន់កម្ពុជានាឱកាសនេះ គឺជាការបន្តរិតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។
សម្តេចធិបតី ក៏បានអរគុណចំពោះលោកជំទាវរដ្ឋមន្រ្តីដែលបានធ្វេីទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
សម្ដេចធិបតី និងលោកស្រីរដ្ឋមន្រ្តី ក៏បានបន្តពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលជាច្រើន រួមមាន ជាអាទិ៍៖ អប់រំ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់រវាងវិស័យឯកជន និងឯកជន។
មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបលោកស្រីរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕