ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាម៉េរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ព្រមទាំងវិស័យសុខាភិបាល ជាដើម។
ទន្ទឹមនឹងនេះ, គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសឈ្វេងយល់កាន់តែស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហេីយគណ:ប្រតិភូសមាជិកសភាអាម៉េរិក នឹងបន្តខិតខំប្រឹងប្រែជំរញ និងគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។
ក្នុងឱកាសនោះដែរ, គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។
សម្តេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀតដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
បន្ថែមលើនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចធិបតី និងគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ ផងដែរ។
មុននឹងបញ្ចប់, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិកលើវិស័យបោសសម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះ លោកប្រធានាធិបតី Donald J. Trump និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបាន បានជម្រាបជូនគណ:ប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕