សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេលមួយខែ រដ្ឋត្រូវខាតបង់លុយ៥០លានដុល្លារ ដោយសារការទម្លាក់ពន្ធប្រេង និងឧបករណ៍ពលអគ្គិសនី ដូចជា ម៉ូតូអគ្គិសនី និងឡានអគ្គិសនី ដើម្បីរក្សាលំនឹងការឡើងថ្លៃនៅលើទីផ្សារល្អប្រសើជាងបណ្ដាប្រទេសមួយចំនួន។ សម្ដេចធិបតី គូសបញ្ជាក់ថា ការខាតបង់លុយ៥០លានដុល្លារនេះ ដើម្បីកាត់បន្ថយការចំណាយ និងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្ដកែទម្រង់ ដើម្បីរស់ និងត្រូវពង្រឹងសមត្ថភាពការពារខ្លួន ទើបរស់រឹងមាំ រីកធំធាត់ ដែលនេះជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ច្រកសមុទ្រ ហ័រមូស (Hormuz) និងកំពុងបង្កើតផលវិបាកសេដ្ឋកិច្ចយ៉ាងខ្លាំងនៃតម្លៃ ដឹកជញ្ជូន តម្លៃ ថាមពល និងជី រួមជាមួយនឹងសម្ពាធរូបិយប័ណ្ណ និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ ៕