ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ៖ ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ
ថ្ងៃទី ៖ 26-06-2026, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ សម្តេចតេជោ មានប្រសាសន៍ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ ហើយទំនាក់ទំនងប្រទេសទាំងពីរមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។

ក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដែលជំនួបនេះធ្វើឡើងនៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា សម្ដេចបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ សម្ដេច សង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយ សម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

នៅក្នុងជំនួបនោះ លោក ចាវ ឡឺជី បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។

លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅ គឺបានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

នៅក្នុងឱកាសនោះ លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហើយ លោក បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែលមិនអាចមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយ។

លោកក៏បានលើកឡើងអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។

លោក ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដោយការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com