ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ទីវ តារារិទ្ធ បញ្ចប់ដំណើរជិះកង់ឆ្លងទ្វីបផ្សងព្រេង និងប្រមូលថវិកាបាន២២ ម៉ឺនដុល្លារ
ថ្ងៃទី ៖ 23-06-2026, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ លោក ទីវ តារារិទ្ធ បញ្ចប់ដំណើរជិះកង់ឆ្លងទ្វីបផ្សងព្រេង ៥៦,០០០ គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ និងប្រមូលថវិកាបាន២២ ម៉ឺនដុល្លារ។

ក្នុងឱកាសនៃការវិលត្រឡប់មកដល់ទឹកដីមាតុភូមិវិញរបស់ លោក ទីវ តារារិទ្ធ ដែលជាអ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធមបំផុតពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើននាក់ ដោយមានទឹកភ្នែកនៃក្តីរំភើប និងស្នាមញញឹម បានលេចឡើងព្រមគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦។

លោក ទីវ តារារិទ្ធ បានលះបង់ក្តីសុខផ្ទាល់ខ្លួន ចាកចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤។ រយៈពេល ២ ឆ្នាំពេញនៃការរស់នៅលើកែបកង់ ឆ្លងកាត់ការលំបាក ឧបសគ្គ និងអាកាសធាតុគ្រប់បែបយ៉ាង លោកបានបំបែកកំណត់ត្រាធ្វើដំណើរឆ្លងកាត់ ៣ ទ្វីបដ៏ធំ (អាស៊ី អឺរ៉ុប និងអាហ្វ្រិកខាងត្បូង) ដោយឆ្លងកាត់ប្រទេសចំនួន ៤០ និងចម្ងាយផ្លូវសរុបប្រមាណ ៥៦ ០០០ គីឡូម៉ែត្រ។ ឆ្លងកាត់ការធ្វើដំណើរដ៏វែងឆ្ងាយនេះ លោកប្រមូលថវិកាសប្បុរសធម៌បានប្រមាណ ២២ ម៉ឺនដុល្លារអាមេរិក ដើម្បីយកមកជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាជម្រកសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។

ទោះបីជាបេសកកម្មជិះកង់ត្រូវបានបញ្ចប់ ប៉ុន្តែទំហំថវិកាដែលជាគោលដៅធំគឺ ២៥ ម៉ឺនដុល្លារ នោះ គឺនៅខ្វះខាតប្រមាណ ៣ ម៉ឺនដុល្លារទៀត ទើបគ្រប់ចំនួន។

ក្នុងឱកាសមកដល់កម្ពុជាវិញនេះ លោក ទីវ តារារិទ្ធ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់មហាជនខ្មែរគ្រប់ទិសទី ជួយបន្តចូលរួមគាំទ្រ និងបរិច្ចាគតាមលទ្ធភាព ដើម្បីឱ្យថវិកាសប្បុរសធម៌នេះសម្រេចបានតាមគោលដៅ ១០០% សម្រាប់ជួយសង្គ្រោះកុមារតូចៗនៅក្នុងមន្ទីរពេទ្យទាំងពីរ។ ស្មារតីអង់អាច ក្លាហាន និងបេះដូងមនុស្សធម៌ដ៏ធំធេងរបស់ លោក ទីវ តារារិទ្ធ មិនត្រឹមតែបាននាំមកនូវថវិកាជួយដល់កុមារកម្ពុជានោះទេ ប៉ុន្តែថែមទាំងបានលើកតម្កើងទង់ជាតិ និងកិត្យានុភាពខ្មែរនៅលើឆាកអន្តរជាតិ ឱ្យពិភពលោកបានស្គាល់ពីទឹកចិត្តដ៏ទូលំទូលាយរបស់ជនជាតិខ្មែរផងដែរ។

ក្រោយពេលមកដល់កម្ពុជាវិញ លោកមានការងារសំខាន់ៗជាច្រើនដែលត្រូវធ្វើបន្ត រួមមាន៖ • ផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយបណ្តាញសារព័ត៌មាននានា ដើម្បីចែករំលែកបទពិសោធន៍។ • រៀបចំកម្មវិធីជិះកង់បន្តពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប។ • រៀបចំពិធីបិទកម្មវិធីជិះកង់សប្បុរសធម៌ជាផ្លូវការនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ • ផលិតខ្សែភាពយន្តឯកសារខ្លីស្តីពីការធ្វើដំណើរ៖ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”។ • រៀបចំចងក្រងសៀវភៅការចងចាំ៖ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com