វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ មិនត្រឹមតែជាការផ្តល់ចំណេះដឹងនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសឱ្យសិស្សានុសិស្សបានចុះកម្មសិក្សា និងធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅតាមតំបន់ប្រាសាទបុរាណ។ តាមរយៈការសិក្សាផ្ទាល់ភ្នែកនេះ យុវជនជំនាន់ក្រោយទទួលបាននូវការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រតំបន់លលៃ ប្រវត្តិសិល្បៈ ភស្តុតាងបុរាណវិទ្យា និងអាថ៌កំបាំងនៃសិលាចារឹក។
លើសពីនេះទៅទៀត ពួកគេបានឃើញផ្ទាល់នូវការអនុវត្តជាក់ស្តែងលើកិច្ចការជួសជុល និងគាំពារប្រាសាទបុរាណប្រកបដោយចីរភាព ដែលជាបទពិសោធន៍ដ៏កម្រក្នុងការបណ្តុះគំនិតឱ្យចេះស្រឡាញ់ លើកតម្លៃមរតកវប្បធម៌ និងចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌដែលស្ថិតនៅក្នុងសហគមន៍របស់ខ្លួនផ្ទាល់។
ដើម្បីជាពន្លឺចំណេះដឹង និងជាការបើកទំព័រទស្សនវិស័យថ្មីដល់យុវជន វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរាចំនួន ៤រូប បានផ្តល់កិត្តិយសធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤ផ្សេងៗគ្នា។
ក្នុងនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានធ្វើបទបង្ហាញលើប្រធានបទ «ប្រវត្តិសាស្ត្រតំបន់រលួស» ដើម្បីបើកទំព័រប្រវត្តិសាស្ត្រដំបូងជូនដល់សិក្ខាកាម។
បន្ទាប់មក លោក អន សុភាព មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានពង្រីកចំណេះដឹងផ្នែកសោភ័ណភាពតាមរយៈប្រធានបទ «ប្រវត្តិសាស្ត្រសិល្បៈរចនាបថប្រាសាទព្រះគោ»។
ទន្ទឹមនឹងការយល់ដឹងផ្នែកប្រវត្តិសាស្ត្រ និងសិល្បៈ យុវជនក៏បានសិក្សាឈ្វែងយល់ពីបច្ចេកទេសនៃការថែទាំ តាមរយៈបទបង្ហាញស្តីពី «ការអភិរក្ស និងជួសជុលប្រាសាទព្រះគោ» ដែលបរិយាយដោយ លោក សារ៉ាយ គឹមហួល មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា។ ជាកិច្ចបង្ហើយ វគ្គបណ្តុះបណ្តាលបាននាំអារម្មណ៍យុវជនឱ្យទៅជួបនឹងភស្តុតាងជាអក្សរចារឹក តាមរយៈប្រធានបទ «សិលាចារឹកប្រាសាទព្រះគោ» ដែលបង្ហាញដោយ លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ។
វគ្គបណ្តុះបណ្តាលនេះ បានបន្សល់ទុកនូវសារអប់រំដ៏មានតម្លៃមួយថា កិច្ចការការពារបេតិកភណ្ឌមិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ស្ថាប័នជំនាញនោះឡើយ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគឺយុវជនដែលជាម្ចាស់ស្រុកផ្ទាល់។
ការចូលរួមស្វែងយល់ និងលះបង់ពេលវេលារៀនសូត្រនៅថ្ងៃនេះ គឺជាការបណ្តុះគ្រាប់ពូជស្មារតីដ៏រឹងមាំ ដើម្បីធានាថា «ព្រលឹងវប្បធម៌ខ្មែរ» នឹងត្រូវបានបន្តថែរក្សា និងការពារយ៉ាងខ្ជាប់ខ្ជួនពីជំនាន់មួយទៅជំនាន់មួយទៀតទៅអនាគត៕