មានប្រសាសន៍ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មីនៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតល្មួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា។
សម្ដេចធិបតី គូសបញ្ជាក់ថា យន្តការ«គន្លងវិជ្ជាជីវៈ»នេះ នឹងអនុញ្ញាតឱ្យសិស្ស និស្សិតមានជម្រើសកាន់តែទូលំទូលាយក្នុងការទទួលបានជំនាញពិតប្រាកដស្របតាមសក្តានុពលតំបន់ ដើម្បីឆ្លើយតបយ៉ាងចំគោលដៅ ទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនានា ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិនៅតាម បណ្តាខេត្តគោលដៅ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី គាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត ដោយមានបំពាក់សម្ភារៈឧបទេសស្តង់ដា ដែលអាចចុះទៅបណ្តុះបណ្តាលជំនាញខ្លីៗ ឱ្យដល់កៀកមាត់ទ្វារ ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើជំនាញមានតម្រូវការទីផ្សារខ្ពស់ និងងាយស្រួលក្នុងការបង្កើតមុខរបរខ្លួនឯង មានការថែទាំបរិក្ខារត្រជាក់, ធុរកិច្ចភេសជ្ជៈ មានសិល្បៈចុង កាហ្វេ និងភេសជ្ជៈ, ការដំឡើងបណ្តាញអគ្គិសនី និងបំពង់ទឹកក្នុងអគារ, ជំនាញឌីជីថល, ការថែទាំ និងជួសជុលរថយន្ត, និងសេវាកម្មសម្ផស្ស ជាដើម។
សម្ដេចធិបតី បានបញ្ជាក់ទៀតថា ការកសាងនូវឱកាសការងារនេះ គឺសំខាន់ណាស់ ដូច្នេះហើយបានជាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តនូវគោលនយោបាយមានការប្រែប្រួលពីមួយអាណត្តិទៅមួយអាណត្តិ ដូច្នេះចាប់ពីឆ្នាំ១៩៩០ជាងមកកម្ពុជាផ្ដោតលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្ដែមកដល់ពេលនេះគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងកុំព្យូទ័រ ជាដើម ដែលការងារនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើន ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញទៅតាមតម្រូវការទីផ្សារ។
សម្ដេចធិបតីបញ្ជាក់ថា ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព មានចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ធានានូវការចូលរួមនៅក្នុងសង្គម។
សម្ដេចធិបតីក៏បានថ្លែងកោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់ផងដែរ៕