ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង
ថ្ងៃទី ៖ 13-06-2026, ដោយ​​ Dara007 , 60 Views
                     
សៀមរាបៈ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទភ្នំមួយនេះ។

លោក គង់ សាវបុត្រ នាយកប្រចាំប្រទេសអង្គការ WMF ឱ្យដឹងថា ប៉ែកខាងលិចប្រាសាទភ្នំបាខែង មានការខូចខាតប្រហាក់ប្រហែលនៅជ្រុងផ្សេងទៀតដែរ។ ក្រុមការងារបានពង្រឹង និងរៀបឡើងវិញនៅផ្នែកជញ្ជាំង កម្រាល ដោយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅទីតាំងដែលពុកផុយ ឬរកថ្មមិនឃើញ។ លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង លើកឡើងថា គម្រោងជួសជុលនៅប៉ែកខាងលិចប្រាសាទភ្នំបាខែង បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។

គម្រោងនេះក្រុមការងារបានរុះរើជញ្ជាំង កម្រាល និងប្រាសាទតូចចំនួន២ គឺC6 និង C7 (អក្សរCតំណាងឱ្យជាន់ទី៤ រាប់ពីខាងក្រោម) រួមនិងការងារជណ្តើរ។ គម្រោងនេះអនុវត្តដោយក្រុមការងារចំនួន១០ រួមមានផ្នែកជួសជុលពង្រឹងគ្រឹះ រៀបជញ្ជាំង និងជណ្តើរ។ ចំពោះបច្ចេកទេសនៃការជួសជុល លោក ភិរម្យ បានរៀបរាប់ថា មុននឹងឈានដល់ការជួសជុល ក្រុមការងារបានសិក្សាពីប្រព័ន្ធបង្ហូរទឹក បរិវេណប្រាសាទ ប្រភេទថ្មភ្នំ ក៏ដូចជាសិក្សាពីរចនាសម្ព័ន្ធ តួប្រាសាទទាំងមូល ដោយមានការគូរប្លង់បង្ហាញពីកត្តាខូចខាតជាដើម។

បន្ទាប់មកមានការសិក្សាបន្ថែមពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ WMF មុននឹងយកគំរូប្លង់ជួសជុលឆ្លងយោបល់ទៅក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីផ្តល់យោបល់បន្ថែមលើការងារអភិរក្ស។

លោក ភិរម្យ បានបន្ថែមថា ការជួសជុលចែកជាច្រើនផ្នែករួមមាន ការជួសជុលផ្នែកខាងក្នុងដែលត្រូវពង្រឹងថ្មភ្នំ ពង្រឹងគ្រឹះប្រសិនខូចខាត រៀបជញ្ជាំងឡើងវិញឱ្យត្រង់ រៀបចំប្រព័ន្ធទឹកនៅជាន់ទី៣។ ជាន់ទី៥ និងទី៧ បន្ថែមចង្កឹះកែវ ដើម្បីពង្រឹងពីថ្មភ្នំទៅក្រោយជញ្ជាំង ដើម្បីទប់លំនឹងកុំឱ្យផ្អៀង។ វិធីសាស្រ្តទី៦ បន្ថែមរន្ធទឹកនៅជាន់លើ បន្ថែមថ្មបាយក្រៀមចន្លោះថ្មភ្នំនិងជញ្ជាំង បន្ទាប់មកធ្វើជម្រាល ២-៣% ដើម្បីក្រាលកៅស៊ូការពារជម្រាបទឹក។ តាមការបង្ហាញរបស់អ្នកជំនាញ កត្តាដែលនាំឱ្យប្រាសាទភ្នំបាខែងមានការខូចខាត គឺកត្តាធម្មជាតិ ការទុកប្រាសាទចោលពុំមានការថែទាំកន្លងមក ដែលធ្វើឱ្យរុក្ខជាតិដុះចាក់ឫសតាមចន្លោះថ្ម ទឹកភ្លៀងហូរច្រោះ និងធ្វើឱ្យគ្រឹះពុកផុយជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com