មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានផ្ដាំទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ត្រូវបើកការស៊ើបអង្កេត ស្វែងរកអ្នកដែលពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃចូលកម្ពុជា ដោយក្នុងនោះ សូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ ឱ្យដកខ្លួនជាបន្ទាន់ និងឈប់ប្រកបមុខរបរនេះទៀត ហើយទៅរករបរផ្សេង ព្រោះយើងមិនដឹងថាគុណភាពនៃទំនិញរបស់ថៃនោះមានគុណភាពយ៉ាងម៉េច។ ហើយពេលទៅដល់ភ្នំពេញវិញ ខ្ញុំចង់ជួបឈ្នួញៗអំពីរឿងនាំចូលទំនិញពីថៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ់ាងដូច្នេះថា «ខ្ញុំប្រកាសពីកន្លែងនេះទៅ រកឃើញនូវសាច់បង្កក ដែលចេញពីថៃចូលកម្ពុជា ធ្លាយដល់ភ្នំពេញ ស្រាវជ្រាវអត់ឲ្យមានរួចខ្លួនទេ ហើយប្រមូលទាំងអ្នកបើកឡាន និងអ្នកពាក់ព័ន្ធទាំងអស់»។
សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយ ដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយ មកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជាផងដែរ៕