ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហេង សួរ ៖ AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ
ថ្ងៃទី ៖ 11-06-2026, ដោយ​​ Dara007 , 38 Views
                     
ទីក្រុងហ្សឺណែវៈ  លោក ហេង សួរ ថ្លែងថា AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

ថ្លែងក្នុងអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស  លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ លោកក៏បានសង្កត់ធ្ងន់ថា AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។   

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ILO សម្រាប់ភាពជាដៃគូ និងការគាំទ្រយ៉ាងមុតមាំក្នុងការលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម ការអភិវឌ្ឍជំនាញ និងកំណើនសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន។ លោករដ្ឋមន្រ្តីបានកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែនាំមកនូវបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែកំពុងកែប្រែប្រព័ន្ធផលិតកម្ម ទីផ្សារការងារ និងគំរូអាជីវកម្មជាដើម។ ទន្ទឹមនឹងឱកាសជាច្រើនដែល AI ផ្តល់ជូន វាក៏អាចបង្កហានិភ័យចំពោះការការពារទិន្នន័យផ្ទាល់ខ្លួន និងកម្មសិទ្ធិបញ្ញា ប្រសិនបើក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងយន្តការអភិបាលកិច្ចមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។  

ទន្ទឹមនឹងនេះ លោកមានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើនរបស់មនុស្ស ដែលវត្តមាន AI គឺដើម្បីបង្កើនសមត្ថភាពមនុស្ស មិនមែនជំនួសការងារមនុស្សនោះឡើយ។ ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារនៃរបាយការណ៍ដែលបានគូសបញ្ជាក់ថា អនាគតនៃការងារត្រូវតែផ្តោតលើមនុស្សជាចម្បង ដោយតម្រូវឱ្យមានស្ថាប័នដ៏រឹងមាំ កិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព និងការវិនិយោគលើមូលធនមនុស្ស។  

លោកបន្តថា សម្រាប់កម្ពុជា ការវិនិយោគលើជំនាញ ភាពអាចទទួលបានការងារ ផលិតភាព និងកិច្ចគាំពារសង្គម មិនមែនគ្រាន់តែជាគោលដៅនយោបាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែង ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជាបន្តវិនិយោគយ៉ាងខ្លាំងលើកម្មវិធី លើការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាល និងការបញ្ចូលសមត្ថភាពឌីជីថល កំពុងផ្តល់ជូនបងប្អូនកម្មករនិយោជិត ជាពិសេសយុវជន នូវជំនាញចាំបាច់ក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

បន្ថែមពីនេះ កម្ពុជាក៏ទទួលស្គាល់ដែរថា ការសិក្សាពេញមួយជីវិត ការពង្រឹងជំនាញឡើងវិញ និងការរៀនជំនាញថ្មីនឹងកាន់តែមានសារៈសំខាន់ក្នុងពេលនៃការផ្លាស់ប្តូរដ៏លឿននៃបច្ចេកវិទ្យា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com