ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖​ ទំនាក់ទំនងរវាងយុវជន​ នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម
ថ្ងៃទី ៖ 10-06-2026, ដោយ​​ Dara007 , 69 Views
                     
វៀតណាមៈ សម្ដេចធិបតី ថ្លែងថា ទំនាក់ទំនងរវាងយុវជន​ នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម

ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅ​រដ្ឋធានីហាណូយ​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃជំនួបនេះលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កា​ នៃជំនួបពិភាក្សាការងាររវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជននៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នាពេលថ្មីៗនេះ ដែលក្រុមយុវជននៃប្រទេសទាំងពីរបានឯកភាពរួមគ្នារៀបចំព្រឹត្តិការណ៍​ និងសកម្មភាពនានាឱ្យបានអធិកអធម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។  
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយអត្ថន័យ និងការបន្តស្វែងយល់ពីគ្នាទៅវិញទៅមករវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជននៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងយុវជន​ នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យយុវជនកម្ពុជា-វៀតណាម ក៏ដូចជាយុវជនកម្ពុជា-ឡាវ-វៀតណាម បង្កើតយន្តការជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានទៀងទាត់ ជាពិសេសឱ្យបានរៀងរាល់ឆ្នាំ ដើម្បីរក្សាសាមគ្គីភាព, មិត្តភាព និងបន្តពូនជ្រំប្រពៃណី​នៃការភ្ជាប់ទំនាក់ទំនងល្អប្រសើរ ដែលបន្សល់ទុកតាំងពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ។

សម្ដេចធិបតីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់យុវជន​នៃប្រទេសទាំងពីរ ក្នុងការរៀបចំកម្មវិធី​ និងសកម្មភាពឱ្យបានអធិកអធម​​ ដេីម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំក្រោយ។

សម្តេច​ធិបតី​បាន​បន្ថែមថា​ ក្នុងកម្រិតរដ្ឋាភិបាល, ប្រទេសទាំងពីរ​ ក៏បានឯកភាពគ្នារៀបចំសកម្មភាព​ និងព្រឹត្តិការណ៍រួមគ្នា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកាន់តែមានភាពសម្បូរបែប អធិកអធម និងប្រកបដោយអត្ថន័យជ្រាលជ្រៅ​ ថែមទៀត។  

មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក៏បានបញ្ជាក់បន្ថែមថាការបង្កើនការស្វែងយល់ និងការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្មនិង​ យ៉ាងទៀងទាត់​ នៅគ្រប់កម្រិត គឺជាកក្តាគន្លឹះដ៏សំខាន់​ នៅក្នុងការបន្តថែរក្សាប្រពៃណីនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពស៊ីជម្រៅ និងឈានជើងឡើងទៅកាន់កម្រិតថ្មីមួយទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com