ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃ៣ មិថុនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានផែនការកាត់បន្ថយការចំណាយពីវិស័យអប់រំនិងសុខាភិបាល ទៅបំពេញបន្ថែមវិស័យការពារជាតិនោះទេ ទោះវិស័យការពារជាតិមានការកើនឡើងក៏ដោយ។ ដូច្នេះអ្នកផ្សព្វផ្សាយនូវព័ត៌មានមិនពិត សូមកុំមានការយល់ច្រលំទៀត ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់វិស័យការពារ ជាតិ ទោះបីជាកម្ពុជារងការបំពានពីសង្រ្គាមឈ្លានថៃក៏ដោយ ។
“អត់មានការកាត់បន្ថយដកលុយពីអប់រំ និងសុខាភិបាលយកទៅបង្កើនឱ្យកងទ័ពទេ ។ កងទ័ព វិស័យការពារជាតិ រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើននូវវិស័យដែលសំខាន់ រួមទាំងវិស័យការពារជាតិ សន្តិសុខជាតិ អប់រំ និងសុខាភិបាល គឺសង្គមកិច្ចនេះឯង ។ នេះគឺជាការជាក់ស្តែង”។
សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា ចំពោះវិស័យសុខាភិបាល និងអប់រំ រដ្ឋបានកំណត់យកគោលដៅ “មនុស្ស” គឺជាគោលដៅសំខាន់ទី១បំផុត នៃអភិក្រមរបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់វិស័យការពារជាតិ និងសន្តិសុខ រដ្ឋបានកំណត់ការចំណាយថវិកាសម្រាប់ឆ្នាំ២០២៧ នូវទឹកប្រាក់ជាង១១០០លានដុល្លារ ៕