ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការប្រើប្រាស់និងការការពារគេហទំព័រ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង ២៥ រាជធានីខេត្ត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះនៅទីស្តីការក្រសួង លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានរៀបចំ និងទទួលការបណ្តុះបណ្តាលមួយរយៈនេះ ក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មានប្រសាសន៍បន្តថា ការរៀបចំឱ្យមានគេហទំព័រនៅតាមខេត្តមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ មានគោលបំណងដើម្បីឲ្យមន្ទីរព័ត៌មាននីមួយៗ មានកន្លែងសម្រាប់ស្តុកទុកឯកសារ ព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយក៏ជាផ្នែកមួយនៃការចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម ដើម្បីភ្ជាប់ និងគ្រប់គ្រងព័ត៌មានឲ្យមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេស។
លោកបានចាត់ទុកថា ការរៀបចំគេហទំព័រ សម្រាប់មន្ទីរព័ត៌មាន គឺជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ឲ្យមានភាពទាន់សម័យ រហ័ស និងមានប្រសិទ្ធភាព។ គេហទំព័រទាំងនេះ នឹងក្លាយជាវេទិកាផ្លូវការសម្រាប់ផ្សព្វផ្សាយព័ត៌មាន សេចក្ដីជូនដំណឹង សកម្មភាពការងារ និងសេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងទូលំទូលាយ៕