តាមរយៈការសង្កេតផ្ទាល់នាថ្ងៃនេះបានផ្តល់មកនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីផលជះវិជ្ជមានជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្នូលពីកម្មវិធី RPL ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាល និងដៃគូ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ខណៈកម្មវិធីនេះដើរតួនាទីសំខាន់ក្នុងការភ្ជាប់គម្លាតរវាងការអប់រំមូលដ្ឋាន និងការងារប្រកដោយសេចក្តីថ្លៃថ្នូរដល់យុវជនកម្ពុជា ជាពិសេសអតីតពលករ យុវជនក្រៅប្រព័ន្ធសិក្សា និងក្រុមងាយរងគ្រោះ។
អតីតពលករពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ក្នុងនោះពលករចំនួន៥នាក់បានឡើងចែករំលែកបទពិសោធ និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនដែលនឹកស្មានដល់នាពេលកន្លងមក។ ពួកគាត់អះអាងថា វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងអនាគត ព្រោះវាធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំង ជាពិសេសមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។
តំណាងឱ្យអ្នកទទួលវិញ្ញាបនបត្រពួកគាត់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះឡើង ហើយពួកគាត់ក៏សំណូមពរឱ្យមានការបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតផងដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងអបអរសាទរចំពោះប្អូនៗទាំង ៥នាក់ ក៏ដូចជាអ្នកទទួលបានវិញ្ញាបនបត្រផ្សេងៗទៀត ដោយលោកសង្កេតឃើញថា ក្រោយពីទទួលបានវិញ្ញាបនបត្រប្អូនៗហាក់បីដូចជាមានជំនឿទុកចិត្តនៅក្នុងខ្លួនកាន់តែខ្លាំង។ វិញ្ញាបនបត្រនេះអាចនឹងធ្វើឱ្យកន្លែងការងារក៏កាន់តែជឿទុកចិត្ត ព្រមទាំងពិចារណាផ្ដល់ជាកម្រៃបន្ថែមផងដែរ។ ចំណែកអ្នកមានវិញ្ញាបនបត្រហើយទៅប្រកបមុខរបរដោយខ្លួនឯង ដូចជាដុតនំជាដើម ក៏នឹងធ្វើឱ្យអតិថិជនកាន់តែទទួលស្គាល់ ជឿទុកចិត្ត និងទទួលបានប្រាក់ចំណូលច្រើនផងដែរ។
លោកបន្តថា ក្រៅពីនេះ ប្អូនៗក៏មានឱកាសចេះនូវជំនាញផ្សេងៗទៀត ដូចជាជំនាញទំនាក់ទំនងជាមួយនឹងអតិថិជន។ ភាពជោគជ័យរបស់ប្អូនៗ គឺជាការរំលឹកដ៏មានអត្ថន័យថា ជំនាញដែលកើតចេញពីការខិតខំនិងបទពិសោធជាក់ស្តែង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ៗ ដែលសមនឹងទទួលបានការទទួលស្គាល់ជាផ្លូវការពេញលេញ។
លោកបានលើកទឹកចិត្តដល់ប្អូនៗឱ្យជួយបន្តផ្សព្វផ្សាយដល់អ្នកជិតខាង និងអតីតពលករដូចគ្នាឱ្យដាក់ពាក្យធ្វើតេស្តប្រឡងទទួលវិញ្ញាបនបត្រពីកម្មវិធី RPL ដោយឥតគិតថ្លៃនេះ តាមរយៈការឧបត្ថម្ភពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាប្អូនៗជាអ្នកដែលស័ក្តិសមនិងពូកែក្នុងការជួយផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានពិចារណាក្នុងការសម្រួលលក្ខខណ្ឌដាក់ពាក្យប្រឡង ជាពិសេសលើកទឹកចិត្តដល់អតីតពលករជាស្រ្តីឱ្យបានកាន់តែច្រើន។
តំណាង UN ប្រចាំកម្ពុជា អង្គការ ILO និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សុទ្ធតែបានសម្តែងនូវការអបអរសាទរចំពោះអ្នកទទួលបានវិញ្ញាបនបត្រទាំងអស់ ជាពិសេសការចែករំលែកបទពិសោធរបស់ប្អូនៗទាំង៥នាក់។
លោកស្រី Xiaoyan Qian មានប្រសាសន៍ថា ប្អូនៗទាំងអស់គឺពិតជាគំរូល្អ ដែលអាចក្លាយជា«ទូតសុច្ឆន្ទៈសម្រាប់ RPL» នៅក្នុងវិស័យផ្សេងៗដែលពួកគាត់កំពុងធ្វើការ ជាពិសេសស្រ្តី៕