យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករបានឱ្យដឹងថា ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦០។
របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន ១២៦ ១០៨តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤លានដុល្លារ ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១២៩ ៣៣២តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ១៧៧ ៧៦១តោន គិតជាទឹកប្រាក់ចំនួន ៧២.១៤លានដុល្លារ។
បន្ថែមពីនេះ កម្ពុជាក៏បាននាំទៅកាន់គោលដៅ ២២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន ៣៦ ៧០៨តោន គិតជាទឹកប្រាក់ចំនួន ៣២.៩១លានដុល្លារ។
សូមបញ្ជាក់ថា ចំពោះប្រភេទអង្ករដែលបាននាំចេញអង្កររួមមាន អង្ករក្រអូបចំនួន ៥៨.៦៦ភាគរយ អង្ករសគ្រាប់វែង២១.៣៨ភាគរយ អង្ករចំហុយ១.៦៨ភាគរយ អង្ករសរីរាង្គចំនួន ០.៨៩ភាគរយ និងអង្ករផ្សេងៗចំនួន ០.២ភាគរយ៕