លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយបញ្ចប់ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា សម្តេចតេជោបានលើកឡើងពីការចូលរួមរបស់អង្គការយូណេស្កូ ក្នុងការអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងរូបីនិងអរូបីនៅក្នុងប្រទេសកម្ពុជា និងការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌកម្ពុជាឱ្យក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សម្តេចតេជោក៏បានស្នើឱ្យលោក Flavio Bonetti តំណាងយូណេស្កូបន្តជួយគាំទ្របន្ថែមទៀត ក្នុងការការពារនូវសម្បត្តិបេតិកភណ្ឌសរបស់កម្ពុជា និងបន្តដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងនោះ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក” ។
ជាកិច្ចឆ្លើយតប តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានសន្យាថា នឹងបន្តការអភិរក្សនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទៀត និងបន្តជួយកម្ពុជាក្នុងការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌកម្ពុជាចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។
ជាមួយគ្នានេះ អ្នកនាំពាក្យព្រឹទ្ធសភាក៏បានគូសរំលេចថា ក្នុងកិច្ចជំនួបនេះ សម្តេតេជោមានប្រសាសន៍ពីសម្បត្តិបេតិកភណ្ឌរបស់ខ្មែរដែលបានចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដូចជា ប្រាសាទព្រះវិហារនោះ ត្រូវបានយោធាថៃវាយបំផ្លាញកម្ទេចចោលក្នុងពេលថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាកាលពីចុងឆ្នាំ២០២៥ ។ ចំពោះការបំផ្លាញនេះ តំណាងយូណេស្កូប្រចាំកម្ពុជាបានសម្តែងការសោកស្តាយ និងក្រៀមក្រំជាខ្លាំង ជាពិសេសប្រាសាទព្រះវិហារតែម្តងដែលរងការខូចខាតជាដំណំក្រោមស្នាដៃយោធាថៃ។
លោកគូសបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើការងារជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុល និងស្តារឡើងវិញនូវសម្បត្តិបេតិកភណ្ឌដែលខូចខាតពីការបំផ្លិចបំផ្លាញដោយយោធាថៃ ។
សូមបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកមានចំនួន១០ រួមមាន ៖ ប្រាសាទអង្គរវត្ត ចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ , របាំព្រះរាជទ្រព្យ ចុះនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ , ល្ខោនស្បែកធំ ចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ , ប្រាសាទព្រះវិហារ ចុះបញ្ជីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ , គុកទួលស្លែង ចុះបញ្ជីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ , ល្បែងទាញព្រ័ត្រចុះបញ្ជីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ , ចាប៉ីដងវែងចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ , ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ , រឿង រាមកេរ្តិ៍គ្រុឌ ចុះបញ្ជីនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ និងល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕