ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋរស់នៅលើភ្នំគូលែន ចាប់ផ្ដើមដាំដំណាំវ៉ាន់នីឡាដែលមានតម្លៃ១គីឡូ ៤០០ដុល្លារទៅ ១.០០០ដុល្លារ
ថ្ងៃទី ៖ 27-04-2026, ដោយ​​ Dara007 , 40 Views
                     
សៀមរាបៈ ពលរដ្ឋរស់នៅលើភ្នំគូលែន បានចាប់ផ្ដើមដាំដំណាំវ៉ាន់នីឡា ដោយក្នុង១គីឡូក្រាមអាចលក់បានក្នុងតម្លៃចាប់ពី ៤០០ដុល្លារទៅ ១.០០០ដុល្លារអាម៉េរិក ដែលមានទីផ្សារ និងតម្លៃខ្ពស់ ដើម្បីបំពេញតម្រូវការក្នុងស្រុកលក់ទៅសណ្ឋាគារ និង និងអាហារដ្ឋានធំៗ។

លោក សំបូរ វណ្ណា ដែលជាអ្នកកំពុងប្រកបមុខរបរដាំដំណាំវ៉ាន់នីឡា (Vanilla) នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានសម្ដែងការរីករាយខ្លាំងណាស់នៅក្នុងការដាំដំណាំកម្រមួយប្រភេទ ដែលមានឈ្មោះថា ដំណាំវ៉ាន់នីឡា (Vanilla)នេះ ដោយអាចលក់បានថ្លៃនៅក្រោយការប្រមូលផល។

លោកបានបន្តថា គ្រួសាររបស់លោកត្រូវបានអង្គការ Agrisud ដាក់ឱ្យដាំសាកល្បងនូវដំណាំមួយប្រភេទ នេះ ដែលនាំពូជចូលមកពីប្រទេសបារាំង ដែលប្រទេសបារាំងជាប្រទេសត្រជាក់ ហើយថាតើអាចដាំនៅ ស្រុកខ្មែរដែលជាប្រទេសមានអាកាសធាតុក្តៅបានដែរឬអត់ តែជាលទ្ធផលលោកអាចដាំនៅលើខ្នងភ្នំគូលេននេះបានដោយពុំចាំបាច់ប្រើស្បៃប្រក់ការពារកម្តៅថ្ងៃទេ ព្រោះនៅទីនេះមានដើមឈើធំៗផ្តល់ជាម្លប់គ្រប់គ្រាន់អាចឱ្យវ៉ាន់នីឡារស់ និងរីកលូតលាស់បាន ដោយកាលពីដំបូងឡើយពោលគឺកាលពីឆ្នាំ២០២២ អង្គការ Agrisud បានដាក់ឱ្យលោកដាំសាកល្បងចំនួន ៦ជន្លង់ ហើយដោយសារការដាំ អាចប្រព្រឹត្តទៅបានដោយគ្មានបញ្ហាអ្វីនោះបច្ចុប្បន្ននេះលោកបានបំបែកបានរហូតដល់ទៅជាង ៣០០ ជន្លង់។

កសិករ សំបូរ វណ្ណា បានឱ្យដឹងថា ដំណាំវ៉ាន់នីឡា (Vanilla) បើប្រៀបធៀបទៅនឹងការដំណាំដាំម្រេចគឺ ការដាំវ៉ាន់នីឡាមានភាពងាយស្រួលជាង ព្រោះដំណាំមួយប្រភេទនេះគេមិនដាំវានៅក្នុងដីទេ គឺដាំវាជា មួយនឹងឈើពុក ឬស្រកីដូងជាដើម ហើយឱ្យវាតោងជាមួយបង្គោលឈើ ដោយយើងគ្រាន់តែដាក់ជីកំប៉ុស្តិ៍ និងស្រោចទឹកគឺជាការស្រេច ខណៈដែលនៅលើភ្នំគូលេននេះមានអាកាសធាតុ និងម្លប់ឈើធំៗត្រជាក់ល្មមអាចឱ្យវ៉ាន់នីឡារស់ និងធំធាត់បាន។

«សម្រាប់វ៉ាន់នីឡាបើយើងដាំជាដំណាំកសិឧស្សាហកម្មវាល្អបំផុតមិនកាប់បំផ្លាញព្រៃឈើប្រសិនបើមានដើមមៀនយើងដាំលើដាំមៀនទៅ មានដើមស្វាយយើងដាំលើដើមស្វាយទៅយើងអត់បំផ្លាញព្រៃឈើទេហើយអត់កាប់របស់នោះដាំវាទេគឺយើងមានដើមអីដាំលើដើមនុងទៅ។ចំពោះវ៉ាន់នីឡានេះវាមានភាពធន់និងអាកាសធាតុយើងលើដើមឈើមិនប៉ះពាល់អីនោះទេហើយក៏មិនធ្វើឱ្យដើមឈើនោះងាប់ដូចបញ្ញើក្អែកដែរ»។

ជាមួយគ្នានោះ លោក កែវ សុភក្ត្រ ជាមន្ត្រីបច្ចេកទេសរបស់អង្គការ Agrisud ប្រចាំនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប (ភ្នំគូលេន) បានឱ្យដឹងថា វ៉ាន់នីឡា (Vanilla) គ្រប់ប្រភេទដែលបងប្អូនកសិករខ្មែរយើងកំពុងធ្វើការដាំដុះសព្វថ្ងៃនេះគឺសុទ្ធតែនាំយកមកពីក្រៅប្រទេសទាំងអស់ ព្រោះនៅកម្ពុជាគ្មានឈ្មោះដំណាំវ៉ាន់នីឡា (Vanilla)នេះទេ ហើយចំពោះពូជវ៉ាន់នីឡា (Vanilla) ដែលបងប្អូនប្រជាកសិករកំពុងដាំដុះនៅទីនេះមាន ៣ប្រភេទផ្សេងគ្នាគឺ៖ ពូជ TAHI TI ពូជ PLANI FOLIA និងពូជ POM PONA។

«ចំពោះអត្ថប្រយោជន៍នៃវ៉ាន់នីឡាគេយកវាទៅធ្វើជាមេទឹកអប់ និងធ្វើជាមេក្លិនដើម្បីបង្កើនក្លិន និងរសជាតិទៅលើមុខម្អូបអាហារនៅតាមសណ្ឋាគារធំៗ ជាពិសេសប្រើជាមួយនឹងការ៉េមកីដើម្បីធ្វើឱ្យវាមានមានក្លិនក្រអូប និងរសជាតិឈ្ងុយឆ្ងាញ់គួរចង់ទទួលទាន ពោលគឺវ៉ាន់នីឡាមិនត្រឹមតែមានក្លិនក្រអូបឈ្ងុយឈ្ងប់ប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះវិស័យម្ហូបអាហារ រួមមាន ប្រើសម្រាប់បង្កើនក្លិន និងរសជាតិក្នុងបង្អែម ការ៉េម នំបុ័ង និងភេសជ្ជៈផ្សេងៗ ហើយចំពោះវិស័យគ្រឿងសម្អាងវិញគេប្រើប្រាស់វាជាធាតុផ្សំក្នុងទឹកអប់ ឡេលាបខ្លួន និងសាប៊ូ ដោយ សារក្លិនដ៏ទាក់ទាញ និងជួយឱ្យអារម្មណ៍ស្រស់ថ្លា»។ ចំពោះការប្រមូលផលវិញលោក កែវ សុភក្ត្រ បានឱ្យដឹងថា សម្រាប់ភូមិសង្កែឡាក់ប្រមូលបានទិន្នផល ០.៥គីឡូក្រាម និងនៅភូមិអន្លង់ធំបាន ១.៥គីឡូក្រាម ដែលវាជាចំនួនតិចតួចនៅឡើយនាគ្រាដំបូងនៃការប្រមូលផលនេះ។ តែទោះជាយ៉ាងណា ដោយសារតែវាជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ តម្លៃរបស់វាអាចលក់បានថ្លៃ ដែលជួយបង្កើនចំណូលដល់កសិករបានយ៉ាងច្រើន ។

លោក កែវ សុភក្ត្រ នឹងជំរុញឱ្យកសិករនៅទីនេះ ពង្រីកនូវការដំណាំវ៉ាន់នីឡា (Vanilla) ឱ្យបានច្រើនគ្រួសារបន្ថែមទៀត ខណៈដែលដំណាំមួយប្រភេទ នេះមានតម្លៃខ្ពស់ និងមានទីផ្សារល្អណាស់។

សូមបញ្ជាក់ថា ដំណាំវ៉ាន់នីឡា (Vanilla) គឺជាប្រភេទរុក្ខជាតិវល្លិក្នុងអម្បូរផ្កាអ័រគីដេ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក ហើយវាក៏ជារុក្ខជាតិដែលកម្រសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេស កម្ពុជា ខណៈដែលកសិករខ្មែរ បាន និងកំពុងខិតខំប្រឹងប្រែងក្នុងការដាំដុះនូវដំណាំមួយប្រភេទនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com