ថ្លែងប្រាប់អ្នកសារព័ត៌មានធ្វើទស្សនកិច្ចសិក្សា ដើម្បីឈ្វេង យល់ពីការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប បណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ Gret លោក ឈុត ឈន ប្រជាកសិកររស់នៅភូមិរំដេង ឃុំមហាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះ លោកបានងាកមកការដាំបន្លែសុវត្ថិភាពគ្រប់ប្រភេទតាមបែបកសិអេកូឡូស៊ីនិងចិញ្ចឹមមាន់ ទា ត្រី កង្កែប ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺមានភាពងាយស្រួល មានទីផ្សារល្អ កាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមី និងរកចំណូលបានចន្លោះពី៧០០ដុល្លារទៅ៨០០ដុល្លារអាមេរិកក្នុង១ខែ។
លោក ឈុត ឈន មានគ្រោងពង្រីកការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ និងបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោក ណុច សាន់ ប្រជាកសិកររស់នៅភូមិរំដេង ឃុំមហាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងដែរថា ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺរកចំណូលបាន៥០០ដុល្លារទៅ៧០០ដុល្លារអាមេរិកក្នុង១ខែ ។
លោកបានបញ្ជាក់ថា ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺមានភាពងាយស្រួល កាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមី ដោយចិញ្ចឹមកង្កែប ឱ្យស៊ីសត្វល្អិត យកទឹកស្រោចដំណាំ លាមកមាន់ធ្វើជីបន្លែ និងយកបន្លែចាស់ៗឱ្យមានស៊ីវិញផងដែរ។
ទន្ទឹមនឹងនេះ កសិករទាំងពីរគ្រួសារក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋងាកមកដាំដំណាំ ឬការចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីវិញ ដើម្បីបង្កើនចំណូលគ្រួសារ រួមគ្នាការពារដល់សុខភាពអ្នកទទួលទានផង និងការពារដល់បរិស្ថាន ព្រោះការដាំដំណាំ ឬចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីគឺពុំប្រើជីគីមី ឬថ្នាំពុលគីមីសម្រាប់សម្លាប់សត្វល្អិត ដែលធ្វើឱ្យប៉ះពាល់អ្វីឡើយ៕