បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា ករណីក្មេងទំនើងដែលសមត្ថកិច្ចនគរបាលជាតិបង្ក្រាប បានថយចុះ១ករណី ខណៈជនបង្ក ថយចុះ១០នាក់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ភូមិសាស្ត្រដែលមានករណីក្មេងទំនើងកើតឡើងនោះ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
ការថយចុះនេះមិនមែនជាករណីថ្មីឡើយ ដ្បិតក្នុងរយៈពេល២សប្តាហ៍ដើមខែមីនា បានថយចុះគួរឱ្យកត់សម្គាល់ ធៀបនឹង២សប្តាហ៍ដើមខែកុម្ភៈ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣៧ករណី និងឃាត់ខ្លួនជនបង្កបាន១៦៥នាក់។ ចំនួននេះ បានថយចុះ១៦ករណី ស្មើមនុស្ស៣៧នាក់ធៀបខែកុម្ភៈ៕