ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា-ចក្រភពអង់គ្លេសដាក់ឱ្យអនុវត្តការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក
ថ្ងៃទី ៖ 11-03-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ កម្ពុជា-ចក្រភពអង់គ្លេសបានដាក់អនុវត្តការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។ ពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។

ក្នុងវេទិកាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីស្ថានទូតចក្រភពអង់គ្លេស ដៃគូអភិវឌ្ឍន៍ ឧស្សាហកម្ម និងស្ថាប័នបណ្តុះបណ្តាល, ឯកឧត្ដមបានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ។ MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

លោកមានប្រសាសន៍ថា TVET គឺជាវិថីដ៏សំខាន់មួយក្នុងការនាំយុវជនចូលទៅក្នុងទីផ្សារការងារ ដែលមិនខុសគ្នានឹងការអប់រំនៅឧត្តមសិក្សា និងប្រព័ន្ធអប់រំផ្សេងទៀត ព្រមទាំងជាជម្រើសដ៏ល្អមួយបន្ថែមទៀតដល់យុវជនផងដែរ។

ជាមួយគ្នានេះ កិច្ចសហការនេះក៏បញ្ជាក់ពីសារៈសំខាន់នៃជំនាញបៃតង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ហើយកម្ពុជាក៏ស្នើឱ្យភ្ជាប់កិច្ចខិតខំប្រឹងប្រែងនេះ ជាមួយការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍បៃតង និងការអភិវឌ្ឍកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។

ដើម្បីបំប្លែងគោលបំណងទាំងនេះឱ្យក្លាយជាការអនុវត្តជាក់ស្តែង ការផ្តោតអាទិភាពភ្លាមៗនោះ គឺការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការពង្រឹងតួនាទី ក្រុមប្រឹក្សាជំនាញតាមវិស័យ ជាមួយនឹងបទពិសោធ និងក្របខណ្ឌបច្ចេកទេសពីចក្រភពអង់គ្លេសមកអនុវត្ត។ លោក ហេង សួរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVETកម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។

លោកបានប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ដោយឯកឧត្តមបញ្ជាក់ទៅកាន់ឯកឧត្តម វីល្លៀម ថាភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។

លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា UKSP និងក្រុមការងារទាំងអស់ចំពោះការគាំទ្រ និងការប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង។

ទន្ទឹមនេះ លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានបង្ហាញមោទនភាពចំពោះ "ភាពជាដៃគូ" នេះ ដែលឯកឧត្តមចាត់ទុកថាជា "ជំពូកថ្មីដ៏រំភើប" នៃប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com