តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៦,៥៦០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម។
ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
បើតាមក្រសួងការងារ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រុមការងារក្រសួងជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕