ក្នុងសន្និសីទសាព័ត៌មាន ស្តីពីការអនុវត្តន៍ប្រកាសស្តីពីការកំណត់អំពីបែបបទនីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំឱ្យភាគីពាក់ព័ន្ធត្រូវកំហិតការផ្សាយគ្រឿងស្រវឹង ត្រឹមម៉ាកនិងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជនឱ្យសេពគ្រឿងស្រវឹង ខណៈគ្រឿងស្រវឹងកំពុងផ្តល់ផលប៉ះពាល់ខ្លាំងដល់សង្គម និងសេដ្ឋកិច្ចជាតិ។ លោក បានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងភូមិសាស្ត្រមួយចំនួន ដូចជាខណ្ឌពោធិ៍សែនជ័យ ក្រុងសៀមរាប និងក្រុងកំពង់ចាម នៅមាន បញ្ហាប្រឈមធំៗដែលផ្ទុយនឹងប្រកាសលេខ ០៨៥ របស់ក្រសួងព័ត៌មាន ។
លោកស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកថា មានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹង។ ស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងបាន យើងគួរកំហិតការផ្សាយពាណិជ្ជកម្មឲ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង ដោយហាមមិនឲ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារានិងបុគ្គលមានឥទ្ធិពល និងការផ្សាយតាមប្រព័ន្ធឌីជីថល ជាដើម។ លោកបន្តបង្ហាញលទ្ធផលស្រាវជ្រាវថាមាន៦៦%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង១៨:០០-២០:០០ បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជនផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។ ជាង៦០%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស។
ជាង៨០%នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុងប្រកាសទេ។ ជាងពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។
លោកបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរសនិងស្ត្រី។ ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត អាដា ម៉ូអាដស៊ីរី មន្ត្រីសុខាភិបាលសាធារណៈ ការិយាល័យតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង កម្ពុជាត្រូវអនុវត្តន៍នូវ វិធានការគន្លឹះដែលចាំបាច់ គឺត្រូវ ពង្រឹងការរឹតបន្តឹងលើលទ្ធភាពទទួលបានគ្រឿងស្រវឹង ទីតាំង និងម៉ោងលក់។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងការពិនិត្យជាតិអាល់កុល។ជួយសម្រួលដល់ការពិនិត្យ ការព្យាបាល និងអន្តរាគមន៍កម្រិតស្រាល។ អនុវត្តការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភនានា និង ដំឡើងពន្ធលើគ្រឿងស្រវឹង ដើម្បីឱ្យតម្លៃកើនឡើង និងកាត់បន្ថយការប្រើប្រាស់។
លោកវេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជាបានឱ្យដឹងថា មនុស្សពេញវ័យ អាយុចន្លោះពី១៨-៦៩ ឆ្នាំ មាន ៥០% ដែលបានប្រើប្រាស់គ្រឿងស្រវឹងក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ ។
ការប្រើប្រាស់ច្រើនជោគជាំមាន ២៤,៥% នៃមនុស្សពេញវ័យប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតបង្កគ្រោះថ្នាក់ ។ យុវជន អាយុចនលោះ១៥-១៩ ឆ្នាំ មាន២៩,៥% នៃបុរស និង ៦,៧% នៃស្ត្រីក្នុងវ័យនេះបានប្រើប្រាស់គ្រឿងស្រវឹង៕