ការជំរុញលើកទឹកចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីអនុរដ្ឋលេខាធិការ ហ៊ឹម សុធារ័ត្ន រួមជាមួយលោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម តំណាងក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការ UNIDO បានធ្វើទស្សនកិច្ចពិនិត្យមើលសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលទទួលផលពីកម្មវិធី DEY III ដែលជាសកម្មភាពមួយរបស់កម្មវិធី DEY III ក្នុងគោលបំណងជួយគាំទ្រនិងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាគាំទ្រដល់យុវជននៅកម្ពុជាឱ្យទទួលបានការងារ និងលក្ខខណ្ឌការងារល្អប្រសើរដែលផ្តល់ដោយសហគ្រាសធុនតូចនិងមធ្យម។
ទស្សនកិច្ចនេះមានរយៈពេល២ថ្ងៃ គណៈប្រតិភូតំណាងក្រសួង ដៃគូអភិវឌ្ឍន៍ និងម្ចាស់សហគ្រាសបានពិភាក្សាអំពីសកម្មភាពដែលកម្មវិធី DEY III បានផ្តល់ឱកាសដល់ម្ចាស់សហគ្រាសឱ្យទទួលបានការបណ្តុះបណ្តាលពង្រឹងសហគ្រិនភាព ដូចជា ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពង្រឹងស្តង់ដាសុវត្ថិភាពចំណីអាហារនិងផលិតផល ការអនុវត្តប្រកបដោយអនាម័យខ្ពស់ ដែលបានជួយពង្រឹងសមត្ថភាពផលិតកម្ម គុណភាពផលិតផល និងការទទួលស្គាល់ខ្ពស់លើទីផ្សារ។
គួរកត់សម្គាល់ថា សហគ្រាសធន់តូចនិងមធ្យមទាំងនោះក៏បានបង្កើតឱកាសការងារដល់ប្រជាជនមូលដ្ឋាន ជាពិសេសដល់ស្ត្រី យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ។ ជាមួយគ្នានេះ ម្ចាស់សហគ្រាសធុនតូចនិងមធ្យមដែលជាអ្នកទទួលផលពីកម្មវិធី DEY III បានសម្តែងការពេញចិត្ត និងអរគុណដល់បណ្តាក្រសួង ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធី DEY III ជួយគាំទ្រដល់សហគ្រាសរបស់ពួកគាត់ឱ្យមានឱកាសរីកលូតលាស់ រួមចំណែកដល់ការបង្កើតការងារក្នុងស្រុក និងជាផ្នែកមួយនៃកម្លាំងសេដ្ឋកិច្ចនៅកម្ពុជា។
ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារនេះហើយ ទើបលោកស្រី បានជំរុញលើកទឹកចិត្តដល់តំណាងក្រសួង និងដៃគូអភិវឌ្ឍន៍នៃកម្មវិធី DEY III តំណាងមន្ទីរពាក់ព័ន្ធក្នុងតំបន់ សូមបន្តខិតខំជួយគាំទ្រជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យមបន្ថែមទៀត ដែលជាគោលដៅមួយនៃកម្មវិធី DEY III ដើម្បីគាំទ្រដល់ការបង្កើតការងារក្នុងស្រុក និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរនៅកម្ពុជា៕