ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង
ថ្ងៃទី ៖ 14-01-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។

លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F (ជាន់ក្រោម) និងរហូតដល់អក្សរ C ដែលជាជាន់ទីបួន។ នេះជាដំណាក់កាលទី៣ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ខណៈដែលអង្គការ WMF បានចូលខ្លួនចូលរួមអភិរក្សប្រាសាទនេះតាំងពីឆ្នាំ២០០៤មក។

ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៧ WMF បានចូលមកសិក្សាស្រាវជ្រាវ និងធ្វើគម្រោងជួសជុលសាកល្បង នៅជាន់F ជ្រុងខាងត្បូងឈៀងខាងលិច។ ដំណាក់កាលទី២ ពីឆ្នាំ២០០៨ និងបញ្ចប់នៅឆ្នាំ២០១៩ ដោយបានជួសជុលចាប់ពីពាក់កណ្តាលជណ្តើរខាងជើង និងខាងត្បូងទៅជ្រុងខាងកើត ហើយក្នុង គម្រោងនោះ ក៏បានធ្វើកំណាយ រួមនឹងការអភិរក្សមួយចំនួនផង។ រីឯដំណាក់កាលទី៣ ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៩។

តាមការបញ្ជាក់ពីអ្នកជំនាញ មកដល់បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។ ចំពោះស្ថានភាពការខូចខាតនៅជ្រុងខាងលិច អ្នកជំនាញពន្យល់ថា មានការស្រុតគ្រឹះ ថ្មងាកចេញពីគ្នា និងមានការដួលរលុះថ្មនៅផ្នែកជញ្ជាំង និងចម្លាក់តោ។ ក្រៅពីជួសជុលពង្រឹងឡើងវិញ ក្រុមការងារក៏បានពង្រឹងថ្មភ្នំដែលខ្លះបានប្រេះ និងមានការពុកផុយ ដោយប្រើបច្ចេកទេសមួយចំនួនដើម្បីឱ្យវារឹងមាំឡើងវិញ។

លោក គង់ សាវបុត្ត នាយកប្រចាំប្រទេសនៃអង្គការ WMF បានបង្ហាញពីមោទកភាព ក្នុងនាមស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានរួមចំណែកជួយជួសជុលប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ចាប់ពីឆ្នាំ ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង។

បន្ថែមពីនេះ នាយកប្រចាំប្រទេសរូបនេះក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ ដែលបានផ្តល់ទីតាំងត្រៀមកសាង មជ្ឈមណ្ឌលព័ត៌មាននៅខាងក្រោមជើងភ្នំបាខែង ដែលគម្រោងកំពុងសិក្សា និងសាងសង់ នាពេលដ៏ឆាប់ខាងមុខ។ មជ្ឈមណ្ឌលនេះ នឹងតាំងបង្ហាញពីព័ត៌មាន និងសកម្មភាពនានា នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ដើម្បីឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានដឹង និងស្រាវជ្រាវជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com