ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ប្រាក់ សុខុន សន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង និងបង្ហាញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរការឈ្លានពានរបស់ថៃ
ថ្ងៃទី ៖ 24-12-2025, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។

ជាការឆ្លើយតប លោក Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោក Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។

ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com