ថ្លែងក្នុងឱកាសធ្វើសេចក្ដីថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ពីគោលការណ៍នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែលធ្វើឡេីងប្រកបដោយតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ចរបស់ខ្លូន ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគីរហូតដល់កម្ពុជាទទួលបានការវាយតម្លៃខ្ពស់ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។
លោក បានថ្លែងបញ្ជាក់ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។
លោកលេីកឡេីងទៀតថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេសមួយចំនួន នៅបន្តរងគ្រោះដោយសារមីនដូចកម្ពុជា ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។ ទោះបីយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហា តាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន៕